ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅរសៀលថ្ងៃទី ១២មករា ឆ្នាំ ២០១០ ថាកម្ពុជាបានជួបប្រឈមនឹងអាកាសធាតុត្រជាក់រហូតដល់ ៨ អង្សារសេ ដែលបានកើតមានចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ មករា ឆ្នាំ ២០១០។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើការអំពាវនាវដោយផ្ទាល់មាត់នៅព្រឹកថ្ងៃទី ១២មករាដែរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនានា ពិសេសតំបន់ព្រំដែន និងកោះសមុទ្រត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុត្រជាក់ពុំធ្លាប់មាននៅកម្ពុជាពេលនេះ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ដល់សាធារណៈជនថា នៅវេលាម៉ោង ៧ ព្រឹកនាថ្ងៃទី ១២មករា ឆ្នាំ ២០១០ មូសុងឥសាន្ត ដែលបក់មកពីទិសឥសាន្ត បាននិងកំពុងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាបង្កឲ្យផ្ទៃមេឃមានពពកតិចខ្យល់ត្រជាក់ ហើយសើមមានចុះអ័ព្ទច្រើននៅពេលព្រឹក និងនៅពេលយប់។
តំបន់ខ្ពង់រាបដែលរួមមាន ខេត្តរតនគិរី, ស្ទឹងត្រែង, ក្រចេះ, និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមាមានកម្រិតពី ១២ ដល់ ១៥ អង្សារសេ។ តំបន់វាលទំនាប រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, ព្រៃវែង, សៀមរាប, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង និងខេត្តកំពង់ធំមានសីតុណ្ហភាពអប្បបរមា ១៤ ទៅ ១៦ អង្សារសេ។ រីឯតំបន់មាត់សមុទ្ររួមមានខេត្តព្រះសីហនុ, ខេត្តកំពត, កោះកុង និងខេត្តកែប មានសីតុណ្ហភាព អប្បបរមាពី ១៨ ដល់ ១៩ អង្សារសេ។
ចំពោះមុខធាតុអាកាសត្រជាក់ ពុំធ្លាប់មាននៅកម្ពុជាពេលនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើរទៅកាន់អាជ្ញាធរ និងប្រជាជននៅតាមបណ្តាខេត្តនានា ជាពិសេស នៅតាមតំបន់ព្រំដែន និងបណ្តាកោះនៅតាមសមុទ្រ ដើម្បីឲ្យបង្កើនការប្រុងប្រយ័ត្ន៕
បទភ្លេងនិងចំរៀងអាចជួយពង្រីកសរសៃមិនឲ្យស្ទះឈាម
តាមការស្រាវជ្រាវមួយថាបានបង្ហាញថា អ្នកជំងឺដែលបានស្តាប់បទចំរៀងនិងបទភ្លេង ដែលខ្លួនឯងពេញចិត្តក្នុងមួយថ្ងៃកន្លះម៉ោង ក្រៅពីធ្វើឲ្យសប្បាយចិត្តហើយនោះថែមទាំង មាន ប្រយោជន៍ដល់រាងកាយផងដែរ ព្រោះ ជួយឲ្យសរសៃឈាមរីកធំបាន។
ការប្រើតន្ត្រីចូលជួយក្នុងការព្យាបាល គេបាននាំគ្នាធ្វើនៅក្នុងសហរដ្ឋអាមេរិកជា ច្រើនកន្លែង ហើយអ្នកជំនាញរបស់អង់គ្លេសក៏
មានការយល់ស្របក្នុងការងារនេះផងដែរ ។ គេមានជំនឿថា សូរសៀងបទភ្លេងអាចទៅជួយឲ្យ យន្តការនៃការបញ្ចេញនីទ្រីតអុកស៊ីតចូលទៅក្នុងឈាម ដែលជួយការពារមិនឲ្យឈាមកករួមទាំង កូឡេស្តេរ៉ូល ដែលជាគ្រោះភ័យផងដែរ ។
លោកគ្រូពេទ្យម៉ៃឃើលមីល្ល័រ ជំនួយការមជ្ឈមណ្ឌលការពាររោគបេះដូងនៃសាកលវិទ្យាល័យម៉ារីឡែន សហរដ្ឋអាមេរិក ដែលជាអ្នកស្រាវជ្រាវរឿងនេះបាននិយាយថា ឥទ្ធិពលរបស់តន្ត្រីមានដល់សរសៃឈាម វាមិនអាស្រ័យទៅលើបទចម្រៀងនោះទេ តែជាបទចំរៀងដែលគេពេញចិត្ត ។
លោកបានឲ្យដឹងថាពួគលោកកំពុងសមឹ្លងរកមើលឧបករណ៍ដែលមិនមែនប្រើឱសថ និងមានតំលៃថោក ដើម្បីមកជួយលើកកំរិតសុខភាពរបស់អ្នកជំងឺ ហើយជឿថា ប្រហែលជាតន្ត្រីនេះហើយ៕កម្ពុជាប្រកាសជាបន្ទាន់ឲ្យប្រុងប្រយ័ត្នពីជម្ងឺអាសន្នរោគ
ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវជាបន្ទាន់មួយនៅថ្ងៃទី៨ មករា នេះដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការរាលដាលជម្ងឺអាសន្នរោគ។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រកាសឡើង បន្ទាប់ពីជម្ងឺអាសន្នរោគបានរាលដាលនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ករណីចុងក្រោយបានផ្ទុះឡើងនៅខេត្តកំពង់ចាមដែលបានសម្លាប់ជីវិតកម្មការិនីកាត់ដេរម្នាក់កាលពីថ្ងៃទី៥ មករា គឺមួយថ្ងៃបន្ទាប់ពីនារីនោះបានធ្លាក់ខ្លួនឈឺជម្ងឺរាគ និងក្អួត ដែលជារោគសញ្ញានៃជម្ងឺអាសន្នរោគដ៏កាចសាហាវ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នារីកាត់ដេរ ៣ នាក់ផ្សេងទៀត ដែលរស់នៅឃុំផ្អាវ ខេត្តកំពង់ចាមស្ថិតនៅជិត ស្ត្រីអ្នកស្លាប់នោះក៏បានកើតអាការៈរោគរាគ និងក្អួតដូចគ្នា ក៏ប៉ុន្តែត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះទាន់ពេលវេលា ។
នៅខែ ធ្នូ ឆ្នាំ២០០៩ មានអ្នកទោសមួយក្រុមនៅពន្ធនាគារតាខ្មៅ ខេត្តកណ្តាល ប្រមាណជា ៧០ នាក់ ក៏បានរាគ និងក្អួត ដែលជាអាការៈជម្ងឺអាសន្នរោគ ហើយក៏មានអ្នកទោសស្លាប់ផងដែរ។ លោកវេជ្ជបណ្ឌិត សុខ ទូច បានរំលឹកថា ពេលនេះជាខែក្តៅ ដែលករណីរាគក្អួតអាចនឹងកើតមានច្រើន ហើយឲ្យពលរដ្ឋខ្មែរត្រូវយកចិត្តទុកដាក់ និងទៅរកការព្យាបាលនៅមន្ទីរពេទ្យឲ្យបានឆាប់រហ័ស ប្រសិនបើរាគ និងក្អួតលើសពី ២ ម៉ោង ព្រោះប្រសិនបើគ្មានការសង្គ្រោះទាន់ពេលទេគឺអាចបណ្តាលឲ្យអ្នកជម្ងឺស្លាប់យ៉ាងឆាប់រហ័ស។
លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ដែរថា ជម្ងឺអាសន្នរោគដែលបង្កឡើងដោយការរាគ និងក្អួត គឺបានកើតឡើងដោយសារខ្វះអនាម័យចំពោះម្ហូបអាហារ និងទឹកស្អាត៕
អ្នកជំងឺរបេងនឹងស្លាប់ពាក់កណ្តាល បើមិនបានព្យាបាលទាន់ពេល
លោកវេជ្ជបណ្ឌិតម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងជាទីប្រឹក្សាក្រសួងសុខាភិបាលដែរនោះបាននិយាយប្រាប់កាសែតរស្មីកម្ពុជាតាមទូរសព្ទ័នៅថ្ងៃទី៨ មករា ថា ប្រសិនបើអ្នកជំងឺរបេងមិនបានព្យាបាលរយៈពេល ៥ ឆ្នាំ ចាប់តាំងពីមានជំងឺរបេងសកម្មនេះទេ នោះអ្នកជំងឺនឹងស្លាប់ពាក់កណ្តាលក្នុងចំណោមពួកគេសរុប។
លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលសម្រេចបានតាមទិសដៅក្នុងការស្រាវជ្រាវជំងឺរបេងប្រចាំ ឆ្នាំ២០០៩ កន្លងមកដោយរកឃើញករណីរបេងសរុបប្រមាណ ៤០.០០០ ករណី ដែលក្នុងនោះករណីជំងឺរបេងបេកាបូក ដែលជាប្រភេទជំងឺរបេងងាយឆ្លងបំផុតប្រមាណជា ១៩.០០០នាក់។
លោកបន្តថា ជំងឺរបេងត្រូវបែងចែកជាជំងឺរបេងសួត ដែលងាយចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់និងជំងឺរបេងក្រៅសួតជា ប្រភេទជំងឺមិនងាយចម្លងឬអាចឆ្លងពីកំនើតបើឪពុកឬ ម្តាយរបស់កុមារមានជំងឺរបេងប្រចាំកាយ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២២ លើពិភពលោក ដែលមានអ្នកជំងឺរបេងច្រើនជាងគេ ហើយការស្រាវជ្រាវកាលពី ឆ្នាំ១៩៩៧ ដោយអង្គការសុខភាពពិភពលោកបានរកឃើញថា ប្រជាជនកម្ពុជា ៦៤% មានផ្ទុកមេរោគរបេង ប៉ុន្តែមិនមែនមានន័យថា អ្នកមានមេរោគរបេងទាំងអស់សុទ្ឋតែកើតជំងឺរបេងនោះទេ៕
រៀបការជាមួយសាច់ញាតិឯងអាចប្រឈមបញ្ហា
បច្ចុប្បន្ននេះ ក្រុមអ្នកពិសោធន៍អន្តរជាតិបានរួមគ្នាសិក្សារកឃើញថា ឱកាសដែលគូស្វាមីភរិយា ដែលរៀបការនៅក្នុងក្រុមសាច់ញាតិបងប្អូនខ្លួនឯងនោះអាចកើតកូនមកមិនបានសមប្រកបនិងពុំមានកំពស់ល្អឡើយ។
លោកសាស្ត្រចារ្យឌីអែនផ្ល័រ មកពីសាកលវិទ្យាល័យមាសាឈូសែត សហរដ្ឋអាមេរិក និងជាប្រធានក្រុមដឹកនាំពិសោធន៍បានពោលថា ស្ត្រីក្នុងវ័យ ៤០ ឆ្នាំ ពុំមែនជាកំហុសក្នុងការមានកូននោះទេ ហើយវាក៏ដូចគ្នាទៅនឹងស្ត្រីដែលមានគូជាសាច់ញាតិបងប្អូនរបស់ខ្លួនឯងយ៉ាងដូច្នេះដែរ ។
ក្នុងទស្សនាវដ្តីចំណេះដឹងមួយដែលមានឈ្មោះថា បណ្ណាល័យវិទ្យាសាស្ត្របានឲ្យដឹងពីលទ្ធផលសិក្សាស្រាវជ្រាវថា ស្ត្រីដែលរៀបការជាមួយកូនបងប្អូនរបស់ខ្លួនឯងមានអត្រាប្រឈមនឹងទទួលបានកូនមិនសមប្រកប គឺខ្ពស់ជាងអត្រាជាមធ្យមត្រឹម ២% ប៉ុណ្ណោះ និងនៅមានអត្រានៃការស្លាប់របស់ទារកខ្ពស់ជាង ៤,៤% ដែលស្មើនឹងទារកកើតពីមាតាមានអាយុលើសពី ៤០ ឆ្នាំដូចគ្នា៕
គ្រុនឈាមវាយលុកនៅទូទាំងប្រទេសកម្ពុជា
ជំងឺគ្រុនឈាមបានរាតត្បាតពីទីក្រុងដល់ជនបទ ទូទាំងប្រទេស នេះបើតាមការឲ្យដឹងរបស់ក្រុមមន្ត្រីសុខាភិបាលកម្ពុជា។
លោកវេជ្ជបណ្ឌិត ឌួង សុជាតិ នាយក មជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ និងជាទីប្រឹក្សា អមក្រសួងសុខាភិបាលបាននិយាយក្នុងពិធីបើក សិក្ខាសាលាបូកសរុបការងារកំចាត់ជំងឺគ្រុនឈាមប្រចាំឆ្នាំកាលពីព្រឹកថ្ងៃទី ៣០ ធ្នូ ថា ជំងឺគ្រុនឈាម “មិនមែនជាជំងឺសំរាប់តែអ្នករស់នៅទីក្រុង ដែលមានមនុស្សរស់នៅកុះករទេ ប៉ុន្តែវាបានសាយភាយ និងរាតត្បាតដល់ជនបទគ្រប់ខេត្ត ក្រុងហើយ ” ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះការប្រយុទ្ធនឹងជំងឺនេះមានបញ្ហាប្រឈមជាច្រើនលើកង្វះខាតថវិកា ធនធានមនុស្ស និងរចនាសម្ព័ន្ធ ដែលទាមទារឲ្យមន្ត្រីកម្មវិធីជាតិកំចាត់ជំងឺគ្រុនចាញ់ធ្វើការទាំងគ្រុនចាញ់ផង និងការងារគ្រុនឈាមផង ហើយលោកបានទទូចឲ្យមានការចូលរួមពីអន្តរក្រសួងដែលពាក់ព័ន្ធ ដូចជា ក្រសួងអប់រំ ក្រសួងកិច្ចការនារី ក្រសួងធម្មការ និងសាសនា កាកបាតក្រហមជាដើម ។
លោកវេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា នាយករងមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ និងជានាយកកម្មវិធីជាតិកំចាត់ជំងឺគ្រុនឈាមក៏បានបង្ហើបឲ្យដឹងដែរថា គ្រុនឈាមជាបញ្ហាស្មុគស្មាញបំផុត និងជាបញ្ហាសុខភាពសាធារណៈដែលបង្កគ្រោះថ្នាក់បំផុតដល់អាយុជីវិតកុមារ ហើយថា “ជំងឺនេះមិនទាន់មានវ៉ាក់សាំងការពារនៅទ្បើយទេ ប៉ុន្តែយើងអាចការពារបានតាមរយៈការលុប បំបាត់សំបុកដង្កូវទឹក ដោយប្រជាសហគមន៍ ត្រូវធ្វើការសំអាតជំវិញលំនៅដ្ឋានដើម្បីលុបបំបាត់ជំរកមូសខ្លា” ។
ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា កម្ពុជាបានបញ្ចុះអត្រាស្លាប់ដោយសារ ជំងឺនេះបាន ៥០% បើទោះបីអត្រាឈឺមានការកើនទ្បើង ៣០% ក្តី ហើយការបញ្ចុះអត្រាអាំងស៊ីដង់នៃជំងឺនេះពី ៣២៧ កាលពីឆ្នាំ២០០៨ មកនៅត្រឹម ៨២ ករណី ក្នុងចំណោមប្រជាជន ១០០.០០០ នាក់ ៕