
លោកវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងនេះនឹងដាក់បញ្ចូលជាមួយវ៉ាក់សាំងការពារជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ រលាកថ្លើម ទៅក្នុងសឺរ៉ាំងតែមួយ។ វ៉ាក់សាំងនេះនឹងចាក់ជូនកុមារម្នាក់ៗបីដង ដែលមានចន្លោះរយៈពេល ១ ខែ ក្នុងការចាក់លើកទី១ លើកទី២ និងលើកទី៣ ។
លោកបានអះអាងថា កម្មវិធីជាតិចាក់ថ្នាំបង្ការនេះនឹងជួយកាត់បន្ថយជំងឺផ្លូវដង្ហើមនៅកម្ពុជា ព្រោះជំងឺរលាកសួតជាចំណែកធំមួយក្នុងចំណោមមូលហេតុផ្សេងទៀត ដែលបណ្តាលឲ្យកុមារកើតជំងឺផ្លូវដង្ហើម ដោយលោកបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះនឹងគ្របដណ្តប់លើសពី ៩០% ក្នុង ចំណោមកុមារកើតប្រចាំឆ្នាំជិត ៤០០.០០០ នាក់ ហើយការចាក់នេះនឹងចាប់ផ្តើមចាប់ពីខែកុម្ភៈ ខាង មុខនេះ។
ការបញ្ជូលវ៉ាក់សាំងនេះទទួលបានការឧបត្ថម្ហពីអង្គការ GAVI ចំនួន ៤ លានដុល្លារ ដែលនឹងប្រើប្រាស់លើវ៉ាក់សាំង ៣ លាន និងប្រើប្រាស់លើការទិញសឺរ៉ាំង និងម្ជុល ១ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៣០០.០០០ ដុល្លារក្នុងមួយឆ្នាំ៕