កុមារកម្ពុជាគ្រប់រូបមានបញ្ហាមាត់ធ្មេញ
កុមារកម្ពុជាគ្រប់រូបមានបញ្ហាសុខភាពមាត់ធ្មេញ ដែលធ្វើឲ្យពួកគេប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាកុមារមិនអាចទៅសាលារៀន កុមារពិបាកទទួលទានអាហារនាំឲ្យមានបញ្ហាកង្វះអាហាររូបត្ថម្ភ ធ្វើឲ្យបញ្ញាស្មារតីចុះអន់ខ្សោយជាដើម ។
លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលបានប្រាប់កាសែតរស្មីកម្ពុជាតាមទូរស័ព្ទនៅថ្ងៃទី៩ មករា ថា ការសិក្សាកាលពីឆ្នាំ២០០០ បានរកឃើញថា កុមារកម្ពុជាគ្រប់រូបខូចធ្មេញចំនួន៨ នៅក្នុងចំណោមធ្មេញរបស់ពួកគេ ប៉ុន្តែតួលេខនេះបានថយចុះបន្តិចនៅក្នុងការសិក្សាកាលពីឆ្នាំ២០០៥ ដោយរកឃើញថា ធ្មេញកុមារខូចបានថយចុះពី ៨ មកនៅត្រឺមចំនួន៧ ។
លោកស្រីបានបញ្ជាក់ថា «ចំនួននៃការថយចុះនេះមានភាពប្រសើរច្រើនសំរាប់កុមាររស់នៅក្រុងភ្នំពេញ ប៉ុន្តែនៅទីជនបទនៅតែមានបញ្ហាធ្ងន់ធ្ងរនៅទ្បើយ»។
លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា កុមារត្រូវដុសធ្មេញមួយថ្ងៃឲ្យបានបីដងក្រោយទទួលទានអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងអាហារពេលល្ងាច ឬខ្ពុរមាត់នឹងទឹកហឺរ ដែលអាចកំចាត់មេរោគមួយចំនួនបាន។
លោក ប៉ែន សារឿន ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំបាននិយាយថាដោយមើលឃើញកុមារនៅកម្ពុជាមិនទាន់យល់ច្បាស់ និងចេះវិធីសំអាតមាត់ធ្មេញឲ្យបានត្រឹមត្រូវ ទើបកម្មវិធីសំអាតមាត់ធ្មេញបានណែនាំឲ្យកុមារដុសធ្មេញឲ្យបានរយៈពេល ២ នាទី ក្នុងការសំអាតធ្មេញម្តងៗ និងមួយថ្ងៃត្រូវដុសធ្មេញឲ្យបានបីដងជាប់ជាប្រចាំ។
លោកស្រី ប្រាក់ ពិសិដ្ឋរង្សី បានបន្តថា ការធ្វើអនាម័យបឋមងាយៗដូចជា ការដុសធ្មេញអាចធ្វើឲ្យកាត់បន្ថយជំងឺបេះដូងបាន ៥០% ហើយការលាងដៃជាមួយសាប៊ូជាប់ជាប្រចាំ ក៏អាចកាត់បន្ថយជំងឺរាគរូសបានពី៦០ ទៅ ៧០ %ផងដែរ៕